ដោយ អាំង ជូលាន
នៅក្នុងជំពូកលេខ៣ដដែលនេះ, លេខរៀងទី១ ខ្ញុំបានយករឿងរាហូនិយាយយ៉ាងខ្លីម្តងហើយ ដោយបញ្ជាក់អត្ថន័យថារាហូជានិមិត្តរូបនៃការ “ស្លាប់-កើត” ព្រមទាំងទាក់ទាញអារម្មណ៍អ្នកអានថា ជួនកាលរាហូដែលមាននៅគំនូរផ្សេងៗ មើលមួយភ្លែតទៅស្មានថាជាក្បាច់ភ្ញី ទាល់តែពិនិត្យទើបដឹងថាជារាហូ។ ដូចជាលើកមុនដែរ នៅទីនេះ ខ្ញុំសូមជម្រុញអ្នកដែលចាប់អារម្មណ៍រឿងនេះ ឲ្យអានអត្ថបទដែលខ្ញុំបានសរសេរនៅក្នុងទស្សនាវដ្តី ឧទ័យ លេខ៥ ព្រោះក្នុងនោះមានការវិភាគវែងឆ្ងាយ។
ពាក្យយ៉ាងខ្លីដែលខ្ញុំនឹងពោលតទៅនេះ គ្រាន់តែចង់បញ្ជាក់អំពីន័យពីរឆ្លងឆ្លើយគ្នា ដូចជារឿង ស្លាប់-កើត ខាងលើនេះដែរ ត្បិតរាហូលេបព្រះច័ន្ទឬព្រះអាទិត្យមែន តែរួចហើយខ្ជាក់មកវិញ មានន័យថាងងឹតហើយភ្លឺ ដូចស្លាប់-កើតដែរ។ ច្បាស់ជាដោយសារមានន័យជាប់គ្នាជាគូនេះហើយ ទើបបានជាអ្នកឆ្លាក់សម័យបុរាណឆ្លាក់រូបរាហូ ដែលមើលតាមធម្មតាឃើញ ថាជារាហូដូច្នេះមែន ហើយបើក្រឡាប់រូបដដែលនោះចុះក្រោម១៨០អង្សា ក៏ឃើញជារូបរាហូមួយទៀត។ រូបលេខ១ ស្រង់យកពីផ្តែរទ្វារប្រាសាទបុរាណមួយនៅខេត្តបន្ទាយមាន ជ័យ រីឯរូបលេខ២គឺរូបនោះដដែលសុទ្ធសាធ យកមកក្រឡាប់ក្នុងមុំ១៨០អង្សា។ ឱទាហរណ៍នេះ ច្បាស់ជាមិនមែនទោលតែឯងឡើយ ពិតជាមានរូបរាហូច្រើនទៀត ដែលអាចមើលត្រឡប់ដូច្នេះបានដូចគ្នា។ ពិនិត្យប៉ុណ្ណេះ ឃើញថាសិល្បករនោះប៉ិនប្រសព្វយ៉ាងណា ហើយម៉្យាងទៀតរឿងនេះពុំមែនត្រឹមតែសំខាន់លើទឹកដៃប៉ុណ្ណោះទេ គឺសិល្បករនោះយល់ច្បាស់ពីអត្ថន័យពីរជាប់គ្នានៃរាហូ។