ដោយ ហេង ថាន
នៅជំពូកទី៣ អត្ថបទលេខ១៨ អ្នកនិពន្ធ ហ៊ីង ច័ន្ទថន មាននិយាយអំពី “អលង្ការពាក់ត្រចៀក” ម្តងហើយ តែសង្កត់ធ្ងន់ទៅលើប្រភេទត្រសាល់ធំដែលជាតិពន្ធុនានានៅប្រទេសកម្ពុជាពាក់ជាទូទៅនាសម័យមុននេះបន្តិច។ ឯខ្ញុំនៅទីនេះវិញនឹងនិយាយពីគ្រឿងពាក់ត្រចៀកដែលគេប្តូរផ្លាស់ញឹកញាប់ ដ្បិតជារុក្ខជាតិ។ បើមើលរូបលេខ១-២ ដែលជាចម្លាក់ថ្មពីសម័យបុរាណ យើងឃើញថាទេពក្តី អសោរក្តី តែងមានអលង្ការនៅត្រចៀក ដែលប្រហែលជាចម្លងចេញពីផ្កា ឬអ្វីទៀតដែលមានក្នុងរុក្ខជាតិ។ ម៉្យាងទៀត សិលាចារឹកពីសម័យបុរាណ ឧទាហរណ៍ នៅស.វ.ទី១០(សិលាចារឹកចុះលេខK.667 ) មាននិយាយពីអលង្ការគ្រប់បែបយ៉ាង ដែលគេបំពាក់ឲ្យប្រតិមាទេពផ្សេងៗ ហើយដែលក្នុងចំណោមនោះមាននិយាយពី ផ្កាច្រច្យាក៑ (ពោលគឺ “ផ្កាត្រចៀក”)។ រូបលេខ៣ បង្ហាញពីស្រីជនជាតិ កួយម្នាក់រស់នៅខេត្តសុរិន្ទ្រ (ប្រទេសថៃឡង់ដ៍សព្វថ្ងៃ) ដែលពាក់ផ្កាស្រស់នៅនឹងត្រចៀក ពុំតែប៉ុណ្ណោះ មានសៀតផ្កាមួយទៀតនៅនឹងត្រចៀកស្តាំផង។
ក្នុងដំណើរសិក្សាមួយនៅតាមភូមិខ្មែរមួយចំនួនក្នុងប្រទេសលាវបច្ចុប្បន្ន (ស្រុកមូលបមោក្ខ, ខេត្តចម្ប៉ាស័ក) ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញស្រីខ្មែរចាស់ៗខ្លះយករុក្ខជាតិនានា ជាស្លឹកស្រស់ ឬផ្កាស្រស់ មកសម្អិតសម្អាងត្រចៀក ទុកជាគ្រឿងលម្អផង ទុកជាគ្រឿងក្រអូបផង។ អ្នកស្រុកប្រាប់ខ្ញុំថា រុក្ខជាតិនោះមានដូចជា ពោល្យំ, រំដួល, រំតែល (ដើមវា មើលទៅហាក់ដូចជារំដេង), តមោល, ផ្កាស្រូវ (គេហៅថាដូច្នេះឯង តែពុំមែនជាធញ្ញជាតិស្រូវកិនចេញជាអង្ករនោះទេ)។ រូបលេខ៤ ជារំតែលដាំនៅកៀនរបងផ្ទះ ដែលមានរូបលេខ៥ពង្រីកបង្ហាញក្រពុំផ្កានោះ នៅរូបលេខ៦-៧ យើងឃើញផ្ការីកហើយ ដែលគេយកមកពាក់ត្រចៀក។ រូបលេខ៨ ជារូបដើមតមោលដែលគេដាំនៅក្នុងភូមិករដូចគ្នាដែរ។ គេបេះស្លឹកនោះមកប្រោះទឹកកំបោរតិចៗដើម្បីចេញក្លិនក្រអូប ហើយមូរឲ្យចុងម្ខាងតូច រីកសាយធំទៅចុងម្ខាង។ ខាងតូចនោះយកមកញាត់នឹងរន្ធត្រចៀកដែលចោះ ទុកឲ្យខាងធំរីកសាយនៅខាងមុខ (រូបលេខ៩)។ ពាក់ដូច្នេះទាល់តែពីរថ្ងៃយ៉ាងតិចក្រោយមកទើបស្លឹកចាប់ផ្តើមស្រពោន តែពេលនោះហើយដែលក្លិនកាន់តែក្រអូបខ្លាំង។ អ្នកខ្លះពាក់ទាល់តែអស់ក្លិន ឯអ្នកខ្លះទៀតដូរនៅពេលស្លឹកក្រៀម។ គេនិយាយថា ស្លឹកតមោលនេះមានក្លិនក្រអូបខ្លាំងជាងគេ ហើយក្លិននោះកាន់បានយូរជាងគេទៀត។ រូបលេខ១០ ជារូបផ្កាស្រូវដែលគេទើបនឹងលាចេញពីស្លឹកចេករុំទុក។ ដើមផ្កាស្រូវនេះមានដុះនៅតាមចម្ការស្រូវ ហើយគេតែងយកមកដាំនៅតាមផ្ទះដូចគ្នាដែរ។ មុននឹងយកមកពាក់ត្រចៀកគេអប់វាសិន គឺគេយករមៀតនិងមើមប្រស់មកបុករួចរុំជាមួយស្លឹកចេកដើម្បីអប់។ ផ្កាស្រូវនេះពាក់ម្តងៗបានប្រមាណមួយអាទិត្យ (រូបលេខ១១) ទើបដូរថ្មីទៀត។
ពិតហើយថាឃើញមានតែមនុស្សចាស់ប៉ុណ្ណោះដែលប្រើប្រាស់រុក្ខជាតិជាអលង្ការពាក់ត្រចៀក តែយើងត្រូវយល់ថា នេះមកអំពីមនុស្សចាស់នៅកាន់ប្រពៃណីដែលក្មេងគេបោះបង់ទៅហើយ។ យើងអាចយកករណីនេះប្រៀបនឹងការស្លៀកសំពត់ក្បិន ឬការហូបម្លូជាដើម។ បើនិយាយជាទូទៅ គឺថាក្មេងៗលែងចងក្បិន ឬហូបម្លូទៀតហើយ ទាល់តែចាស់ៗទើបឃើញមានរក្សាទម្លាប់ដើមទាំងនេះ។ តាមមើលទៅប្រហែលជាពីមុនមកមិនថាក្មេងមិនថាចាស់ឡើយ ដែលយករុក្ខជាតិស្រស់មកពាក់ត្រចៀកយ៉ាងដូច្នេះ។