ដោយ អាំង ជូលាន
ពាក្យថា “រងស្បូវ” គឺបន្ទះក្តារ ជួនកាលមានក្បាច់ ជួនកាលឥតមានក្បាច់ វែងមួយជួរ ដែលគេដាក់នៅចុងក្បឿង ធ្លាក់មកដល់មុខបង្អស់។ រីឯពាក្យថា “បាំងសាច” សំដៅលើបន្ទះក្តារមានឬឥតក្បាច់ ដែលបន្ទារធំជាងបន្ទាររងស្បូវ ហើយដែលនៅស្មើនឹងសសរជួរមុខ ពោលគឺនៅថយមកក្រោយរងស្បូវបន្តិច ព្រមទាំងធ្លាក់ចុះមកក្រោមជាងនោះទៀត ដើម្បីការពារភ្លៀងសាចបន្តិចបន្តួច។ តែយ៉ាងណាក៏ដោយ ពាក្យគ្រឿងផ្ទះទាំងនោះសឹងខុសគ្នាទៅតាមតំបន់ផ្សេងៗ។
ខ្ញុំពុំដឹងថាក្បាច់ទាំងនេះមានប៉ុន្មានសិបយ៉ាងទេ គ្រាន់តែសង្កេតឃើញនៅពេលធ្វើដំណើរខ្លះៗថា គេនិយមច្រើននៅខេត្តឧត្តរមានជ័យ, សៀមរាប, ក្រចេះ៘ រូបដែលបង្ហាញជាប់មកនេះ គ្រាន់តែជាឧទាហរណ៍មួយតូចប៉ុណ្ណោះ។
ប្រសិនបើអ្នកសិក្សាខាងសិល្បៈពិនិត្យឲ្យបានច្រើនកន្លែងនៅតាមតំបន់នានានៃប្រទេស កម្ពុជា ប្រហែលអាចចងក្រងជាប្រធានបទមួយយ៉ាងសំខាន់ផងក៏សឹងបាន។
ផ្ទះខ្លះមានរងស្បូវដែលមានក្បូរក្បាច់ តែបាំងសាចលាតទទេឥតក្បាច់ (រូបលេខ១)។ ខ្លះទៀតបាំងសាចមានក្បាច់លម្អ តែរងស្បូវពុំឃើញមានក្បាច់ (រូបលេខ២)។ ប៉ុន្តែមួយចំនួនទៀតមានគ្រឿងនេះទាំងពីរ (រូបលេខ៣)។