ដោយ ព្រាប ចាន់ម៉ារ៉ា
សាលាលោកនៅទីនេះ សំដៅទៅលើសាលាសម្រាប់ធ្វើបុណ្យនៅក្នុងវត្ត ដែលអ្នកខ្លះទៀតហៅថាសាលាឆាន់ ឬជួនកាលហៅខ្លីថាសាលា។ គេច្រើនសាងសាលាឲ្យមានទំហំធំទូលាយជាងសំណង់ឯទៀតៗនៅក្នុងវត្ត ត្បិតជាទីសម្រាប់មនុស្សម្នាច្រើនមកជួបជុំគ្នាក្នុងពិធីបុណ្យផ្សេងៗ, មកសមាទានសីល៤ដងក្នុង១ខែ, ជាទីសម្រាប់ព្រះសង្ឃឆាន់ចង្ហាន់រៀងរាល់ថ្ងៃ ព្រមទាំងប្រើប្រាស់ដើម្បីធ្វើកិច្ចការសង្គមខ្លះៗផង។ យើងសង្កេតឃើញថា ពីមុនមកសាលា គេច្រើនសាងអំពីឈើប្រក់ក្បឿង សណ្តូកតាមទិសបណ្តោយថ្ងៃ (កើត-លិច) ហើយជួនធ្វើខ្ពស់ផុតពីដី (រូបលេខ១-២) ជួនកាលទាបជាប់នឹងដី (រូបលេខ៣-៤)។ ទីធ្លានៅពីមុខសាលាតែងធំទូលាយ អាចឲ្យគេធ្វើអ្វីផ្សេងៗបានងាយ ទោះជាទុកដាក់យានជំនិះក៏ស្រួលដែរ។ ពុំតែប៉ុណ្ណោះ ចំពោះវត្តណាដែលមានផ្ទៃដីជាប់នឹងទឹកវិញ គេធ្វើសាលានោះឲ្យនៅជាប់នឹងទឹកផង គោកផង ហាក់ដូចជាជួយសម្រួលអ្នកធ្វើដំណើរមកកាន់វត្ត គឹបើអ្នកមកតាមទឹកក៏ងាយ ឯអ្នកមកតាមផ្លូវគោកក៏មិនលំបាក (រូបលេខ៥)។ រូបរាងដំបូលសាលាច្រើនធ្វើតាមបែបប្រពៃណីខ្មែរ មានដំបូលប៉ិត, ដំបូលកឹង, រោងដោលជាដើម ហើយការរចនាលម្អនោះក៏កាន់តែប្រណិតទៅទៀត។ ជាទូទៅ សាលាគេទុកឲ្យមានលំហធំល្វឹងល្វើយ អាចឲ្យមនុស្សអង្គុយបានច្រើន ហើយគេពុំធ្វើជញ្ជាំងបិទជិតឡើយ គឺទុកឲ្យនៅច្រហ ដោយបាំងតែជញ្ជាំងទាបត្រឹមចង្កេះ ឬធ្វើរបៀបជាបង្កាន់ដៃទាបៗ ទុកឲ្យមានប្រឡោះៗ ការពារកុំឲ្យធ្លាក់មនុស្សប៉ុណ្ណោះ (រូបលេខ៦)។ នៅត្រង់កន្លែងតម្កល់ព្រះបដិមានៅជ្រុងខាងលិច និងផ្នែកខ្លះនៅជ្រុងខាងត្បូងដែលសម្រាប់ព្រះសង្ឃគង់ ពោលគឺនៅម្តុំមុមនិរតីដែលតែងមានភ្លៀងខ្យល់សាចចូលមក ទើបគេធ្វើជាជញ្ជាំងបិទបាំងតិចតួច (រូបលេខ៧)។ ជួនកាលទៀតគេពុំចាំបាច់ធ្វើជញ្ជាំងផង គឺទុកឲ្យពន្លឺនិងខ្យល់រល់ចេញចូលបានល្អ លុះពេលណាមានភ្លៀង គេគ្រាន់តែទាញខ្សែហូតទម្លាក់រនាំងដែលគេចងព្យួរនៅតាមទិសភ្លៀងនោះប៉ុណ្ណោះ (រូបលេខ៨)។ ប៉ុន្តែ បើសាលាណាដែលគេធ្វើជញ្ជាំងជុំវិញ ក៏គង់គេធ្វើទ្វារនិងបង្អួចច្រើនដង្ហែគ្នាដែរ ដើម្បីឲ្យពន្លឺនិងខ្យល់រត់នោះឯង (រូបលេខ៩)។ ចំពោះសាលាខ្លះដែលធ្វើអំពីថ្មវិញក៏ពុំខុសអ្វីពីសាលាធ្វើពីឈើដែរ គឹមានខ្ពស់ មានទាបជាធម្មតា ឯការរចនាអាចខុសគ្នាខ្លះៗ ប៉ុន្តែយ៉ាងណាក៏គេធ្វើឲ្យមានទំហំធំ, ពុំបិទបាំងជុំវិញឡើយ (រូបលេខ១០-១១)។
ការដែលមិនបិទជញ្ជាំងជិតឈឹងនេះ គឺប្រយោជន៍ ឲ្យពន្លឺចូលពីគ្រប់ទិសទី ហើយខ្យល់រត់ទៅមកបានល្អ មិនបង្កឲ្យស្អុះស្អាប់ពេក, មិនធ្វើឲ្យធុំក្លិនម្ហូបអាហារខ្លាំង, មិនធ្វើឲ្យឈ្លក់ផ្សែងធូប ហើយសម្លេងសូត្រធម៌ក្នុងសាលានោះសោតក៏មិនឮខ្ទរខ្លាំងពេកដែរ (រូបលេខ១២)។ រីឯក្តារឬរនាបក្រាលនោះវិញ ក៏ងាយឲ្យខ្យល់រត់ចុះឡើងផង ហើយកម្ទេចកម្ទីរចំណីអាហារដែលទទួលទានក្នុងទីនោះក៏ងាយនឹងបោស លាងសម្អាតទម្លាក់ទៅដីដែរ (រូបលេខ១៣)។ ដូច្នេះការដែលសាងសាលាតាមរបៀបដូចខាងលើនេះ គឺជាបច្ចេកទេសដែលគេគិតគូរពីការប្រើប្រាស់ជាក់ស្តែងជាប្រាកដ។
មកដល់សព្វថ្ងៃ សាលាដែលមានរបៀបរបបដូច្នេះសេសសល់ពីមុនៗមកនៅមានមិនច្រើនណាស់ណាទេ ពុំតែប៉ុណ្ណោះ សាលាចាស់ៗខ្លះគេរុះរើចោល ខ្លះយកធ្វើជាឃ្លាំងទុកដាក់របស់របរកំប៉ិកកំប៉ុក (រូបលេខ១៤)ឬធ្វើជារោងអ្វីផ្សេងៗ (រូបលេខ១៥) ឬមួយគេបោះបង់ចោល ទុកឲ្យនៅអសារឥតការរង់ចាំតែថ្ងៃបាត់បង់ទាំងស្រុង (រូបលេខ១៦-១៧) ដែលជាប្រការមួយគួរឲ្យស្តាយពន់ពេក។