ដោយកញ្ញា សាំង ភស្តា
នៅជំពូកទី៣ អត្ថបទលេខ៤២ លោកគ្រូ ព្រាប ចាន់ម៉ារ៉ា មាននិយាយយ៉ាងក្បោះក្បាយអំពីរបំាបុរាណ ដែលមានឆ្លាក់នៅតាមប្រាសាទ ព្រមទាំងឲ្យភស្តុតាងទៀតថា មួយភាគនោះបង្ហាញពីការហាត់រាំ ពោលគឺពុំមែនជាការសម្តែងសុទ្ធសាធសម្រាប់ទស្សនិកជនទេ ដ្បិតនៅសងខាងអ្នករាំដែលរាយគ្នាជាជួរ យើងឃើញថា មានអ្នកគ្រូអង្គុយនៅជាប់នោះ។ នាងខ្ញុំសូមបន្តអំពីនោះបន្តិចមកទៀត ក្នុងបរិបទនៃការហាត់ដដែល ដោយលើកយកដំណាក់កាលមុនហាត់ក្បាច់រាំ ពោលគឺការស្លៀកពាក់តុបតែងខ្លួន។ ម៉្យាងទៀត នៅក្នុងជំពូកដដែល អត្ថបទលេខ៤១ លោកគ្រូព្រាប ចាន់ម៉ារ៉ា ក៏មានពន្យល់អស់ហើយដែរអំពីចំណុចថា នៅពេលដែលសម្តែងនោះ “ពេល” មិនមែនជាពេលយើងឥឡូវ, “កន្លែង” មិនមែនជាកន្លែងដែលយើងរស់នៅ, “អ្នកសម្តែង” មិនមែនជាអាត្មាខ្លួននោះទេ តែគឺជាតួដែលខ្លួនតាងឲ្យនោះ។ ដូច្នោះហើយ សម្លៀកបំពាក់ក៏មិនមែនជាគ្រឿងដែលមនុស្សដណ្តប់រាងកាយរាល់ថ្ងៃដែរ តែគឺជាសម្លៀកបំពាក់របស់ទេពនិករធំឬតូច ដែលអ្នកសម្តែងនោះតាងឲ្យផង។ ដូច្នេះយើងងាយយល់ទេថា បើល្ខោននោះយករឿងទេពនៅស្ថានសួគ៌មកធ្វើឲ្យស្តែងឡើង សម្លៀកបំពាក់ក៏ត្រូវស្រស់សង្ហារ ទៅតាមចិត្តដែលយើងយល់ថា អ្នកដែលនៅភពផ្សេងទាំងនោះស្លៀកពាក់ដែរ។ រូបលេខ១-៥ បង្ហាញពីអ្នករាំខុសៗគ្នាដែលគេកំពុងស្លៀកពាក់ សម្អិតសម្អាងឲ្យ ដ្បិតសម្លៀកបំពាក់របៀបនេះមិនងាយនឹងស្លៀកពាក់ដោយខ្លួនឯងបានទេ គឺទាល់តែមានគេជួយ។ រឿងអស់នេះក៏ពុំមែនជារឿងថ្មីថ្មោងដែរ គឺសុទ្ធសឹងតពីប្រពៃណីដែលមានតាំងពីបុរាណកាលមក។ យកតែចម្លាក់នៅប្រាសាទបាយ័ន្តមកបង្ហាញ ក៏អ្នកអាននឹងជ្រួតជ្រាបច្បាស់ហើយ។ រូបលេខ៦ ជាទិដ្ឋភាពមួយនៃការសម្តែងរបំា ហើយយើងឃើញថា បង្ហាញតាំងពីអ្នកភ្លេង និងអ្នកច្រៀងផង។ រូបលេខ៧ គ្រាន់តែឲ្យយើងឃើញថា នេះនៅក្នុងការហាត់នៅឡើយទេ ដោយសារនៅជិតអ្នករាំម្នាក់នោះ មានគ្រូដែលកំពុងចង្អុល ឬកែតម្រូវក្បាច់អ្វីមួយ។ រូបលេខ៨ ធ្វើឲ្យយើងឃើញកាន់តែច្បាស់ថា គេកំពង់ស្លៀកពាក់ តុបតែងឲ្យអ្នករបំា។ រូបលេខ៩ ជារូបពង្រីក យកតែមួយភាគមកបង្ហាញ។