ដោយ ស៊ីយ៉ុន សុភារិទ្ធ
ប្រជាប្រិយភាពនៃរឿងរាមកេរ្តិ៍មានដល់កម្រិតណា ហើយជ្រួតជ្រាបទៅក្នុងវិស័យ អ្វីខ្លះនៅក្នុងអារ្យធម៌ខ្មែរ រាប់បញ្ចូលទាំងសម័យបច្ចុប្បន្នផងនោះ យើងដឹងស្រាប់អស់ហើយ ពុំបាច់យកមកលាតត្រដាងនៅទីនេះទៀតទេ។ មានទិដ្ឋភាពខ្លះៗដែលធ្លាប់លើកឡើងក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះទៀតផងដូចជានៅជំពូកទី៣, លេខរៀងទី២០, ២៥, ៣០, ៣៤, ៤២ និងជំពូកទី៥, លេខរៀងទី១ និងទី២៤ជាដើម។ តែបើយើងត្រឡប់ទៅបុរាណកាលវិញ យើងឃើញថារឿងមហាភារតក៏មានប្រជាប្រិយភាពប្រហាក់ប្រហែល និងរឿងរាមកេរ្តិ៍ដែរ។ ចម្លាក់នៅអង្គរវត្តឆ្លុះបញ្ចាំងពីភាពល្បីល្បាញស្មើគ្នានេះច្បាស់ណាស់ ៖ ពេលយើងចូលពីខាងលិចដល់ថែវចម្លាក់ភ្លាម បើបែកទៅឆ្វេងគឺ ឃើញចម្លាក់រាមកេរ្តិ៍រហូតដល់ចុងដែលគេបង្ហាញពីចម្បាំងនៅក្រុងលង្កា តែបើបែកទៅស្តាំវិញគឺឃើញចម្លាក់រឿងមហាភារតរហូតដល់ចុងដូចគ្នា ដែលគេបង្ហាញពីចម្បាំងនៅកុរុក្សេត្រ។ ហើយប្រសិនបើនិយាយថា តើចម្លាក់ដែលស្រង់មកពីរឿងទាំងពីរនេះ មានឈុតណាមួយមាននៅប្រាសាទណាទៀតខ្លះ គឺពុំអាចរាប់អស់ឡើយ សូម្បីតែភ្នែកយើងក៏នៅតែមើលកន្លងជាញឹកញយ ដោយសារចម្លាក់ខ្លះតូចពេកឬមួយក៏ស្ថិតនៅកន្លែងខ្ពស់ឬទាបខ្លាំងដែលមិនទាញអារម្មណ៍អ្នកទស្សនា ភា្លមៗ។ ឧទាហរណ៍ រូបលេខ១ ដែលបង្ហាញពីឈុតពាលីប្រយុទ្ធជាមួយទូភី ជាប្រភេទចម្លាក់ដែលមិនតូចណាស់ណាទេតែក៏អ្នកទស្សនាមិនឃើញស្តែងនឹងភ្នែកភ្លាមដែរ ត្បិតស្ថិតនៅជើងសសរផ្អោបមួយដែលមានចម្លាក់ជាទូទៅជារុក្ខជាតិ។ បើពិចារណាពីសិលាចារិកវិញ ជាពិសេសសិលាចារិកជាភាសាសំស្រ្កឹត ក៏យើងអាចនិយាយដោយឥតរួញរាថាប្រជាប្រិយភាពនៃរឿងទាំងពីរនេះ មានភាពធំធេង ហើយចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ខ្មែរសម័យបុរាណ។
សព្វថ្ងៃនេះ បើគេសួរឲ្យរាប់ភ្លាមៗ ថានរណាខ្លះជាតួអង្គសំខាន់ក្នុងរឿងរាមកេរ្តិ៍ច្បាស់ជាមនុស្សទូទៅឆ្លើយភ្លាមថា«ព្រះរាម, ព្រះលក្ស្មណ៍, នាងសីតា»។ បើសំណួរដដែលនេះទាក់ទងទៅរឿងមហាភារតគឺខ្មែរជាទូទៅមិនអាចឆ្លើយបានទេដោយសារភ្លេចរឿងនេះជាយូរមកហើយដូចយើងដឹងស្រាប់។ តែបើយើងសិក្សារឿងនេះក្នុងអារ្យធម៌ខ្មែរឲ្យជ្រៅជ្រះបន្តិចយើងនឹងឃើញថាមានតួអង្គពីរដែលអាចប្រៀបផ្ទឹមគ្នាបាន ហើយដែលពុំមែនជា «តួឯក» ក្នុងរឿងនីមួយៗនោះ។ គេតែងបង្ហាញមរណភាពនៃអ្នកទាំងពីរថាជាសេចក្តីស្លាប់ដ៏ខ្ពង់ខ្ពស់។ តួអង្គនោះ បើក្នុងរឿងមហាភារតគឺភីស្មហើយបើក្នុងរឿងរាមកេរ្តិ៍គឺពាលី។
ខ្ញុំសូមលើកតួអង្គភីស្មយកមកបង្ហាញសង្ខេបជាមុន។ ភីស្មជាអ្នកដែលមានសុចរិតធម៌នៅក្នុងខ្លួន ប្រកាន់យកតែពាក្យពិតមិនប្រព្រឹត្តអំពើអ្វីៗ ក្នុងភាពឆេវឆាវដោយមិនបានថ្លឹងថ្លែងវែងឆ្ងាយជាមុនឡើយ។ ពោលឲ្យខ្លីងាយយល់គឺចរិតនោះនឹងធឹង។ ភីស្មធ្លាប់បានប្តេជ្ញាចិត្តថាមិនប្រយុទ្ធជាមួយស្រ្តីឡើយ ទោះជាក្នុងប្រការណាក៏ដោយ។ ក្នុងសមរភូមិធំជាងគេបង្អស់ចុងក្រោយនៅកុរុក្សេត្រដោយគូបដិបក្សមានពីរក្រុមជាជីដូនមួយនឹងគ្នាពោលគឺម្ខាងពួកបាណ្ឌពម្ខាងទៀតពួកកោរពនោះតួអង្គ អជ៌ុន ដែលនៅក្នុងត្រកូលបាណ្ឌពជាគូប្រយុទ្ធនឹងភីស្មដែលជាអ្នកមានភក្តីភាពនឹងព្រះមហាក្សត្រពួកកោរព។ រឿងមហាភារតនៅប្រទេសឥណ្ឌាជាទូទៅនិយាយថា ដោយដឹងថា ភីស្ម នឹងមិនប្រយុទ្ធទេកាលណាមានស្រ្តី អជ៌ុនប្រើឲ្យនាងអម្ពដែលមានគំនុំស្រាប់ជាមួយភីស្ម ហើយដែលប្រែខ្លួនមកជាប្រុសមានឈ្មោះថាសិខណ្ឌីនោះឲ្យមកបរទេះឲ្យខ្លួន។ ភីស្ម យល់ភ្លាមថាសារថីនោះ សម្បកក្រៅជាប្រុសមែន តែតាមពិតជានាងអម្ពទេ ដូច្នេះហើយក៏ដាក់អាវុធលែងប្រយុទ្ធតាមសច្ចាដែលធ្លាប់ធ្វើមក។ ពេលនោះហើយដែលអជ៌ុនថ្លែងសររាប់រយពាន់ទៅលើរាងកាយនៃគូប្រយុទ្ធរបស់ខ្លួន។ ប៉ុន្តែចម្លាក់នៅតាមប្រាសាទខ្មែរផ្សេងៗនាស.វទី១១និងទី១២បង្ហាញថាមានការខុសគ្នាបន្តិចបន្តួចបើប្រៀបទៅឥណ្ឌា។
នៅប្រាសាទបាភួន (បង្ហាញឈុតនោះទូទៅនៅរូបលេខ២) អ្នកបរទេះនោះគឺព្រះក្រឹស្នាដែលគេឆ្លាក់ក្នុងទំហំតូច ហើយមានព្រះហស្ថបួន រីឯតួអជ៌ុនគេបង្ហាញក្នុងទំហំធំកំពុង ទាញសរយឹតធ្នូ។ ចំណែកនាងអម្ពគេឆ្លាក់ជារូបស្រីតែម្តង ដែលឈរនៅក្បាលរទេះកាន់ធ្នូបាញ់ដូចគ្នាដែរ ពោលគឺគេមិនបង្ហាញជារូបសិកណ្ឌីដែលជាភេទប្រុសដូចក្នុងរឿងឥណ្ឌាទេ(សូមមើលរូបពង្រីកលេខ៣)។ រូបលេខ៤ជាផ្ទាំងមួយបង្ហាញឈុតពីរជាប់គ្នាទាក់ទងនឹងមរណភាពនៃភីស្ម។ នៅផ្នែកខាងឆ្វេង យើងឃើញភីស្មដាក់ធ្នូចុះមិនប្រយុទ្ធដោយសារឃើញមានស្រ្តីនៅផ្នែកគូបដិបក្ស។ ដូច្នោះហើយបានជាគេឆ្លាក់បង្ហាញថាត្រូវព្រួញមួយចំកញ្ចឹងក។ នៅផ្នែកខាងស្តាំយើងឃើញភីស្មដេកដួលនៅលើព្រួញជាច្រើន ដោយសាច់រឿងនិយាយថាព្រួញនោះច្រើនរហូតក្លាយទៅជាគ្រែទល់ទ្រភីស្មនោះ។ ភីស្មមិនទាន់អស់ជីវិតនៅឡើយទេ ព្រោះដោយសារគាត់អាចជ្រើសរើសពេលស្លាប់បាន គាត់នៅរង់ចាំវេលាដែលព្រះអាទិត្យរំកិលទៅទិសខាងជើងសិនទើបគាត់នឹងផុតជីវិត។ នៅចន្លោះពេលនោះហើយដែលបងប្អូនបាណ្ឌពទាំងប្រាំនាក់ ហើយដែលក្នុងនោះមានអជ៌ុនផងមកសូមការផ្តែផ្តាំ និងដំបូន្មានចុងក្រោយពីភីស្ម ទាក់ទងនឹងរបៀបរបបគ្រប់គ្រងប្រទេសទៅតាមសុច្ចរិតយុត្តិធម៌។
បើនៅលើចម្លាក់ផ្ទាំងយ៉ាងធំនៃប្រាសាទអង្គរវត្តវិញ យើងលំបាកនឹងដឹងណាស់ថារូបណាជាតួអង្គណា គ្រាន់តែដឹងថាចម្បាំងទាំងមូលនោះជាចម្បាំងនៅកុរុក្សេត្រ។ តែទោះជាយ៉ាងណា គេមានឆ្លាក់បង្ហាញត្រង់កន្លែងមួយនោះឲ្យយើងដឹងថាអជ៌ុន ជិះលើរទេះដែលមានព្រះក្រឹស្នាជាសារថី(រូបលេខ៥)។ តែចំពោះកន្លែងដែល ទាក់ទងផ្ទាល់នឹងការស្លាប់របស់ភីស្មតែម្តងនោះសូមមើលរូបលេខ៦។ យើងឃើញព្រួញដ៏ច្រើននោះចាក់ធ្លាយខ្លួនភីស្មដែលដេកស្តូកស្តឹង តែដែលពុំទាន់អស់ជីវិតទេ ដ្បិតនៅខាងស្តាំយើងឃើញបងប្អូនទាំងប្រាំនាក់មកសូមការផ្តែផ្តាំជាដំបូន្មានដូចពោលខាងលើ។
សង្ខេបយ៉ាងខ្លីអំពីភីស្មមកត្រឹមនេះ ក៏សមល្មមឱ្យយើងយល់ហើយថាការស្លាប់របស់ភីស្មជាមរណភាពនៅក្នុងកិត្តិយស។ កិត្តិយសនោះទៀតសោត ក៏ពុំមែនបង្ហាញក្នុងន័យថាជាវីរភាពអង្គអាចក្នុងសឹកសង្គ្រាមដែរ គឺថាមិនមែនលើកតម្កើងការបង្ហូរឈាមជាធំទេ តែជាការស្លាប់ក្នុងសច្ចធម៌។ សូម្បីតែអជ៌ុនជាអ្នកបាញ់សរទាំងនោះ ក៏មកបង្គំប្រណម្យ ហើយសូមសេចក្តីទូន្មានពីអ្នកស្លាប់ដោយសារខ្លួននោះដែរ។
ខ្ញុំបាននិយាយពីរលើកមកថា បើក្នុងរឿងរាមកេរ្តិ៍តួអង្គពាលី ប្រៀបបាននឹងភីស្មក្នុងរឿងមហាភារតដែរ។ តែបើនិយាយពីរូបចម្លាក់បុរាណដែលមានបង្ហាញពាលីឃើញថាមានច្រើនជាងរូបភីស្ម។ នៅរូបលេខ៧គេបង្ហាញពាលីក្នុងរូបរាងដែលមានទំហំរូបរាងធំជាងទេពនិករនានា ហើយដែលកាន់កន្ទុយនាគក្នុងការកូរសមុទ្រទឹកដោះ។ រូបលេខ៨ពុំមែនជាចម្លាក់លើផ្ទាំងរូបនៅតាមជញ្ជាំងទេ តែជាចម្លាក់ដាច់តែឯងមួយដុំដែលយើងអាចដើរក្រឡឹងជុំវិញបាន ហើយដែលបង្ហាញចំបាប់រវាងពាលីនឹងសុគ្រីពដែលជាបងប្អូននឹងគ្នា។ ឈុតដដែលនេះមានបង្ហាញនៅលើផ្តែរដូចឃើញនៅរូបលេខ៩ឬក៏នៅលើហោជាងដែលឃើញនៅរូបលេខ១០។ យ៉ាងណាក៏ដោយឈុតដែលខ្មែរឱ្យសារសំខាន់ជាងគេ គឺនៅត្រង់សេចក្តីស្លាប់នៃពាលីដូចដែលខ្មែរឱ្យសារសំខាន់ទៅលើសេចក្តីស្លាប់នៃភីស្មដែរ។ រឿងដែលទាក់ទងនឹងពាលីស្លាប់នោះគឺដើមឡើយសុគ្រីពដែលជាប្អូនរបស់ពាលី មានកំហឹងនឹងបងហើយក៏ចុះចូលនឹងព្រះរាមសូមបម្រើព្រះអង្គ។ ដោយសារអាងថាព្រះរាមនៅជួយខ្លួនដូច្នោះហើយ សុគ្រីពក៏ទៅរករឿងវាយតប់ច្រើនដងនឹងពាលីដោយប្រាថ្នាយកជីវិតបងរបស់ខ្លួន។ ឯពាលីវិញប្រាថ្នាត្រឹមតែប្រដែប្រដៅឱ្យទ្រមខ្លួនឈប់ក្អែងក្អាងតែប៉ុណ្ណោះ គឺថាពុំមានប្រាថ្នាផ្តាច់ជីវិតប្អូនឡើយ។ នៅពេលប្រយុទ្ធគ្នាមួយនោះ ព្រះរាមលួចបាញ់ពាលីពីទីនាំងមួយធ្វើឲ្យពាលីត្រូវសរ ហើយទីបញ្ចប់ទៅនឹងអស់ជីវិត។ សូមជ្រាបថាពាលីជាស្តេចឯករាជ្យ ហើយពុំដែលយកព្រះរាមយកជាសត្រូវឡើយ តែគឺព្រះរាមទេដែលសម្លាប់ពាលីនៅពីក្រោយក្នុងបំណងឱ្យសុគ្រីព ពដឹងគុណព្រះអង្គហើយបម្រើព្រះអង្គក្នុងគ្រាក្រណាមួយ។ ឈុតកន្លែងនេះឃើញមានបង្ហាញជាចម្លាក់នៅតាមប្រាសាទផ្សេងៗ។ នៅប្រាសាទជ្រុងខាងនិរតីនៃប្រាសាទអង្គរវត្តគេឃើញមានឈុតទាក់នឹងការស្លាប់នេះច្រើនកន្លែងដែរ(សូមមើលរូបទូទៅរូបលេខ១១)។ រូបលេខ១២ បង្ហាញពីព្រះរាមផ្លែងសរមកលើខ្លួនពាលី ដែលកំពុងមានប្រៀបក្នុងការប្រយុទ្ធជាមួយសុគ្រីព។ នៅជួរខាងក្រោម គេឃើញពាលីដួលដេកលើមហេសី(រូបលេខ១៣)។ ផ្នែកចម្លាក់ខាងក្រោមចែកជាច្រើនជួរដែលខ្ញុំស្រង់តែពីរជួរមកបង្ហាញនៅរូបលេខ១៤និង១៥។ នៅរូបត្រង់នេះយើងឃើញប្រជានុរាស្រ្តមានការឆោឡោ ឬក្តុកក្តួលដែលបង្ហាញថាមរណភាពរបស់ពាលីជារឿងធំចំពោះរាស្រ្តទាំងមូលដែលពុំអាចនរណាម្នាក់នៅសោះអង្គើយបាន។ ទិដ្ឋភាពដែលបង្ហាញរបៀបនេះ មានឃើញនៅច្រើនកន្លែងទៀត។ បើពោលតែពីអង្គរវត្តដដែលគឺនៅលើហោជាងមួយកន្លែងដូចឃើញនៅរូបលេខ១៦។ ចម្លាក់នៅលើផ្តែរមកពីវត្តបាសែតដែលសព្វថ្ងៃតាំងនៅសារមន្ទីរ Guimetក្រុងប៉ារីស៍ក៏បង្ហាញពីការសោកស្តាយរបស់រាស្រ្តតូចធំដូចគ្នា(រូបលេខ១៧)។
ចំណុចសំខាន់មួយទៀតអំពីមរណភាពនេះនៅត្រង់ថា បើសូមអង្វរព្រះរាមតែមួយម៉ាត់ពាលីនឹងបានរួចជីវិតភ្លាម ត្បិតព្រះរាមប្រកាសថាដូច្នេះឯងតែពាលីសុខចិត្តស្លាប់ក្នុងកិត្តិយសមិនអង្វរព្រះរាមឡើយហើយមិនតែប៉ុណ្ណោះបានបញ្ជោះបន្សោកដល់ព្រះរាមថា មកសម្លាប់ជីវិតគេដោយគេមិនដឹងខ្លួន។ ត្រង់នេះ មានឃើញច្បាស់ណាស់នៅក្នុងកាព្យរឿងរាមកេរ្តិ៍ដែលលើកឡើងនៅស.វទី១៦-១៧ ហើយដែលអ្នកគ្រូពៅ សាវរស បានសិក្សាផ្សព្វផ្សាយជាច្រើនឆ្នាំមកហើយ។ រីឯច្បាប់ដែលនិយាយតាមមាត់ក្រោយៗមក ក៏បង្ហាញពីគំនិតតែមួយដូចគ្នាដែរ ទោះបីជាសម្បកក្រៅហាក់ដូចជាផ្សេងពីគ្នាក៏ដោយ។ សេចក្តីស្លាប់ក្នុងយសនេះ មានបង្ហាញនៅលើហោជាងមួយនៃប្រាសាទចៅសាយ៖ នៅខាងក្រោមយើងឃើញពាលីកំពុងស្លាប់ដោយមាននាងតារាជាព្រះជាយាទប់ទ្ររីឯប៉ែកខាងលើយើងឃើញពាលីផុតជីវិតហើយហោះឡើងទៅស្ថានសួគ៌ដោយមានទេពនិករជាច្រើនជ្រោមជ្រែង(រូបលេខ៨)។
សូមបញ្ជាក់ថាប្រាសាទចៅសាយសាងនៅដើមស.វទី១២ ហើយបើយើងយកល្បះខ្លះនៃកាព្យស.វទី១៦-១៧ ដែលពោលខាងលើនេះមកប្រៀបធៀបឃើញថាកាន់តែរស់រវើក៖
ដងនោះទំនួញតារា ពិភពឥន្ទ្រា ធិរាជសញ្ជួយដ៏កក្រើក។
ព្រះឥន្រ្ទនរិន្រ្តស្តេចបើក ទិព្វចក្ខុលើលើក កំបង់ជុលីស្លុតី។
ទ្រង់ស័ង្ខនូវទឹកគន្ធី ហោះថ្កានពាលី ស្រេចច្រួចនូវមេត្តា។
ឱ្យពរបន្លុះក្រុងពា លីលុះសូគ៌ា មកកើតពិមានទិព្វស្តែង។
សូមរំលឹកថាក្នុងរឿងមហាភារតមុននឹងចាកលោកនេះជាស្ថាពរទៅភីស្មបានផ្តល់-ឱវាទដំបូន្មានដល់អ្នកដែលនៅរស់ដើម្បីគ្រប់គ្រងនគរក្នុងសុចរិតធម៌។ ក្នុងរឿងរាមកេរ្តិ៍ក៏ដូចគ្នាដែរ មុននឹងផុតជីវិត ពាលីផ្តែផ្តាំប្អូនឲ្យមើលការខុសត្រូវនានា។ សេចក្តីផ្តែផ្តាំនោះអាចខុសគ្នាពីច្បាប់មួយទៅច្បាប់មួយ តែទាំងអស់នោះបង្ហាញដូចគ្នាថាពាលីនៅតែមានចិត្តអាណិតប្អូន ហើយផ្តែផ្តាំការរាក់ជ្រៅព្រមទាំងចរិតដែលត្រូវប្រកាន់យកក្នុងជីវិត។ ចំណុចនេះខ្មែរទុកជាឈុតដ៏សំខាន់មួយរហូតដល់បំបែកយកទៅចងក្រងជាកាព្យដាច់ដោយឡែក។ ខ្ញុំពុំដឹងថាតើអាចមានច្បាប់ប្លែកៗគ្នាឬអ្វីឡើយ តែដែលយើងដឹងច្បាស់គឺមានច្បាប់មួយដែលមានចំណងជើងថាបណ្តាំពាលី។ ដោយសារពាក្យនោះវែងបន្តិច ខ្ញុំសូមយកទៅដាក់នៅជំពូកទី៦, លេខរៀងទី៤២។
គួរកត់សម្គាល់ថារឿងមហាភារត និងរឿងរាមកេរ្តិ៍ឱ្យតម្លៃលើសេចក្តីស្លាប់នៅក្នុងយសដែលពុំចាំបាច់តែជាគុណសម្បត្តិរបស់តួឯកនៃរឿងឡើយ។ យសចេញមកអំពីការសាងផ្ទាល់នៃបុគ្គលម្នាក់ៗដូចមាននិយាយនៅជំពូកទី៦, លេខរៀងទី២៥ស្រាប់។