ដោយ អាំង ជូលាន
ពាក្យ “អប្សរា” ដែលសព្វថ្ងៃគេនិយាយ ឬសរសេរជាទូទៅហើយនោះ តាមពិតលិចចេញឡើងពីទសវត្ស១៩៦០ប៉ុណ្ណោះទេ គឺអានតាមបារាំង ហើយទាញយារពីអក្ខរាវិរុទ្ធត្រឹមត្រូវដែលសរសេរថា “អប្សរ”។ ខ្មែរហៅថា “ទេពអប្សរ” ព្រោះនាងទាំងនោះពុំមែនជាមនុស្សធម្មតា គឺជាស្រីបរិវារនៃទេពនានា។ ជួនកាលមានឃើញពាក្យថា “រត្ននារី” ដូចជានៅក្នុង “ល្បើកនគរវត្ត” (លើកនៅស.វ.ទី១៧) ជាដើម។ រីឯរាស្ត្រប្រជាសាមញ្ញមែនទែន ខ្លះពុំទាំងចេះអក្សរផងនោះ ហៅនាងទាំងនោះថា “ស្រីស្នំ” ដែលឃើញឆ្លាក់នៅលើជញ្ជាំងប្រាសាទ។ ហេតុអ្វីក៏ថាដូច្នេះ? ពីព្រោះអ្នកស្រុកយល់ថាប្រាសាទជាលំនៅនៃទេព។ ឯទេពនោះដូចយើងដឹងស្រាប់ហើយ គ្មានមនុស្សណាធ្លាប់ឃើញទេ ដូច្នេះក៏យល់ស្មានៗថាទេពរស់នៅមានស្នំគាល់បម្រើដូចជាព្រះរាជានៅស្ថានមនុស្សដូច្នោះ។ លុះដល់យកមនុស្សទៅធ្វើជាគម្រូឱ្យទេពដូច្នេះ ស្រួលគិតទេ គឺថាស្រីស្នំគ្រប់បែបយ៉ាងតែងមានមុខមាត់ រូបរាងខុសៗគ្នា កាយវិការក៏ខុសគ្នា ទោះជាស្អាតក៏ប្រភេទស្អាតនោះខុសគ្នា។ បើយកតែប្រាសាទអង្គរវត្តមកនិយាយ គឺមានស្រីស្នំដល់ទៅជិតពីរពាន់ តែក្នុងនោះមិនដែលឃើញមានពីរនាក់ដូចគ្នាបេះបិតឡើយ។ មើលរូបលេខ១ (ប្រាសាទចៅសាយ), លេខ២ (វត្តភូ), លេខ៣-៤ (បន្ទាយប្រី) ទៅឃើញថាស្រីស្នំទាំងនោះសុទ្ធសឹងស្រស់សោភ័ណពន់ពេក តែសម្រស់នោះផ្សេងទីទៃពីគ្នា មុខខ្លះទម្រង់មូល ខ្លះទម្រង់ទ្រវែង...។ ចំណែកឯកាយវិការវិញ ក៏ជួនកាលហាក់ដូចជាយើងឃើញក្នុងជីវិតពិតៗ។ នាងនៅរូបលេខ៣ អម្បាញ់មិញ កាន់កញ្ចក់ ដើម្បីឆ្លុះមុខនិងអលង្ការ មានក្បាំងនិងសុរងកជាដើម ឯនាងនៅរូបលេខ៥ (ប្រាសាទបេងមាលា) កំពុងច្បូតសក់ ព្រមទាំងសម្អិតសម្អាងដើមទ្រូង ទំនងជានៅទីស្ងាត់គិតថាគ្មាននរណាមើលឃើញ។ បន្ទាយប្រីនិងប្រាសាទប្រី (ខាងជើងប្រាសាទព្រះខ័ន, ក្នុងបរិវេណអង្គរ) សាងឡើងជាមួយគ្នា, ស្ថិតនៅជាប់គ្នា, ប្រហែលជាដោយក្រុមជាងតែមួយដែរ។ រូបលេខ៦ដែលថតមកពីប្រាសាទប្រីក៏ឃើញស្រីស្នំម្នាក់ស្អាតផូផង់ណាស់ដែរ។ ប៉ុន្តែបើមើលរូបលេខ៧ ដែលនៅពុំឆ្ងាយប៉ុន្មានពីនោះ (ពង្រីករូបដដែលនៅលេខ៨) យើងមិនអាចពោលថាជាអ្នកមានសម្រស់ណាស់ណាទេ។ តើមកពីជាងឆ្លាក់ពុំប៉ិនប្រសប់ឬអ្វី? ច្បាស់ជាពុំមែនដូច្នោះឡើយ គឺគេគិតថាស្រីស្រឹង្គារមិនអាចដូចគ្នាទាំងអស់ទេ តែងតែខុសៗគ្នារហូតដល់អាចមានខ្លះរូបសម្ផស្ស “មិនសូវបាន” ផង។