ដោយ អ៊ឹម សុខរិទ្ធី
ផ្ទាំងចម្លាក់សន្ធឹងលើផ្ទៃជញ្ជាំងប្រវែងប្រហែល១០ម. លើជញ្ជាំងថែវខាងត្បូងនៃប្រាសាទ បាយ័ន្ត នាសតវត្សទី១២ បង្ហាញពីទិដ្ឋភាពផ្សារមួយនៅមាត់កំពង់ទឹក។ ចម្លាក់នេះស្តែងពីជីវភាពប្រចាំថ្ងៃដ៏រស់រវើករបស់ខ្មែរ កាលពីសម័យអង្គរ។ នេះជាសកម្មភាពមនុស្សម្នាប្រកបរបរ លក់ដូរយ៉ាងសកម្មក្នុងផ្សារមួយ ដែលមានមនុស្ស ទៅមកអ៊ូអរ កំពុងទិញដូរទំនិញគ្នា និងជជែកចរចារការងារ រៀងៗខ្លួន។ និយាយឲ្យខ្លីទៅ នេះជាទិដ្ឋភាពជំនួញជួញប្រែ ក្នុងជីវិតរាល់ថ្ងៃនៃមនុស្សខ្មែរបុរាណ។ យើងមើលចម្លាក់នេះពីឆ្វេងទៅស្តាំឃើញមានដូចតទៅ៖
- ស្ត្រីអ្នកលក់ម្នាក់អង្គុយលើគ្រែដែលមានដាក់របស់លក់នៅពីមុខ ហើយនៅក្រោមគ្រែមានសត្វអណ្តើកមួយ ដែលចងភ្ជាប់នឹងជើងគ្រែ។ ស្ត្រីម្នាក់ទៀតកំពុងតថ្លៃទំនិញនៅឈរពីមុខ។ ឯនៅក្បែរនោះមានអ្នករែកឥវ៉ាន់ម្នាក់ ទើបនឹងមកដល់។
- មានស្ត្រីពីរនាក់ទំនងជាអ្នកមាន អង្គុយលើកៅអីសណ្តូកជើងចុះក្រោម កំពុងទិញទំនិញអ្វីម៉្យាង។ ស្ត្រីនៅខាងឆ្វេងយកដៃរបស់ខ្លួនកៀកស្មាស្ត្រីខាងស្តាំ។ បុរសពីរនាក់ កំពុងយកឥវ៉ាន់មកលក់ឲ្យស្ត្រីទាំងពីរ។ បុរសនៅខាងស្តាំអង្គុយផ្ទាល់ដី ហើយលើកបង្ហាញទំនិញក្នុងជញ្ជីងទៅអ្នកទិញ។ ដៃឆ្វេងបត់មកចំហៀងខ្លួន ជារបៀបវន្ទាចំពោះជនដែលមានឋានៈខ្ពស់។ អ្នកទិញកំពុងមើលជញ្ជីងថ្លឹង ហើយសួរអំពីទំនិញនោះ។ បុរសឈរក្បែរនៅខាងឆ្វេង ច្រត់ដៃស្តាំលើស្មាអ្នកលក់ ហើយបែរទៅជជែកជាមួយបុរសម្នាក់ទៀតនៅពីក្រោយ។ ការជជែកគ្នានេះទំនងជាឮខ្លាំងៗហើយមើលទៅ ទើប បណ្តាលឲ្យអ្នករែកអីវ៉ាន់ដើរក្បែរនោះងាកមើលមកក្រោយ។
- ជាប់ពីក្រោយគ្នានោះ យើងឃើញមានស្ត្រីម្នាក់អង្គុយលក់ត្រីធំមួយដាក់លើជាល នៅក្នុងរោងមួយយ៉ាងពិចិត្រ។ អ្នកលក់ត្រីនោះទំនងជាកំពុងអំពាវនាវលក់ទំនិញរបស់ខ្លួន។ រីឯក្មេងប្រុសម្នាក់ដែលអង្គុយទល់ខ្នងនឹងស្ត្រីនេះ ក៏ប្រហែលជាកំពុងជួយពពាយនាយលក់ត្រីនោះដែរ។
- ទិដ្ឋភាពចុងក្រោយជាល្បែងជល់មាន់មួយ ដែលគេឃើញខ្មែរយកមកជល់ភ្នាល់នឹងក្រុមខាងស្តាំ ដែលប្រហែលជាជនជាតិចិន។ គេយកមាន់ជល់ពីរក្បាលមកអួតដាក់គ្នា មុននឹងប្រជល់។ អ្នកទាំងសងខាងនោះ មើលទៅដូចជា កំពុងជជែកភ្នាល់គ្នាខ្លាំងណាស់។
- បន្ទាប់ទៅទៀត មានស្ត្រីម្នាក់អង្គុយលើគ្រែទាប ជជែកជាមួយនឹងបុរសម្នាក់ ដែលឈរនៅពីមុខ។ នៅខាងក្រោយបុរសនោះ មានបុរសពីរនាក់ទៀតកាន់ឆ័ត្រ ហើយពុំដឹងជាកំពុង វែកញែកដាក់គ្នាពីរឿងអ្វីមួយឡើយ។
- នៅក្នុងរោងមួយ មានស្ត្រីម្នាក់លក់របស់អ្វីម៉្យាង ដូចជាផ្លែឈើក៏មិនដឹង។ ស្ត្រីនោះហាក់ដូចជាអស់កម្លាំង ផ្អែកខ្លួនទៅនឹងសសររោង លង់លក់មួយភាំង មានភ្ញៀវចូលមកអង្គុយ ទិញរបស់គាត់ ហើយក៏មានមនុស្សម្នាក់ទៀត ងើបមកជួយរើសរបស់ទៅឲ្យអ្នកទិញ ជំនួសស្ត្រីអ្នកលក់នោះ។
ទិដ្ឋភាពបែបនេះពុំទាន់បាត់បង់ទៅណាពីសង្គមខ្មែរនៅឡើយ យើងតែងឃើញសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ អ្នកស្រុកនាសម័យបច្ចុប្បន្ន ដូចគ្នានឹងរឿងរ៉ាវក្នុងចម្លាក់ខ្មែរបុរាណកាលពីសម័យអង្គរនោះឯង។