ផ្កាព្រលិត

ដោយ ភឹង តារា, អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា

ដូចយើងដឹងស្រាប់ ព្រលិតមានច្រើនប្រភេទ។ នៅរូបលេខ១ឃើញមានព្រលិតពណ៌ក្រហមដែលជាប្រភេទហៅថារំចង់ និងពណ៌សហៅថាព្រលិតអាចម៍មាន់។ រីឯការដែលយកព្រលិត មកធ្វើជាម្ហូបអាហារក៏យើងដឹងគ្រប់គ្នាដែរ មិនយកមកនិយាយនៅទីនេះឡើយ។ ការចាប់អារម្មណ៍របស់យើងខ្ញុំគឺផ្តោតទៅលើផ្កាព្រលិតដែលមនុស្សតាំងពីបុរាណកាលមកមើលឃើញថាមានសោភ័ណ ហើយ យកមកតុបតែងខ្លួន។ នៅរូបលេខ២-១០ យើងឃើញថាសូម្បីតែក្មេងក៏វានឹកឃើញទៅដកព្រលិតយក មកកាច់តាមរបៀបម្យ៉ាងធ្វើឲ្យចេញជាខ្សែកពាក់លេងដែរ។ តើប្រការនេះមាននៅតែអ្នកខ្សត់ខ្សោយធនធានឬយ៉ាងណា? តាមមើលទៅពុំមែនដូច្នោះឡើយ ដ្បិតនៅចម្លាក់បន្ទាយស្រី គេឃើញស្រីស្នំដែលមានអលង្ការស្រោចស្រពខ្លួន ហើយនៅតែយកព្រលិតទាំងដើមទាំងផ្កាមកពាត់នៅលើស្មាជាការកំសាន្តឬជាលំអបន្ថែម (រូបលេខ១១-១២)។ លុះសង្កេតដូច្នេះហើយ ទើបយើងយល់ថាគេឲ្យតម្លៃលើព្រលិតតាំងពីយូរយារមកហើយដ្បិតគេឆ្លាក់ជាក្បាច់នៅគ្រឿងលំអផ្សេងៗនៅតាមប្រាសាទបុរាណ។ នៅប្រាសាទសម្បូណ៌ព្រៃគុកដែលសាងឡើងតាំងពីស.វ.ទី៧ម៉្លេះ ក៏ឃើញមានក្បាច់រូបព្រលិតនៅតាមផ្តែរនិងសរសរផ្អោបដែរ (រូបលេខ១៣-១៦)។ រីឯនៅបន្ទាយស្រីដែលសាងឡើងនៅស.វ.ទី១០ ក៏មានក្បាច់ព្រលិតនៅច្រើនកន្លែងដូចគ្នា (រូបលេខ ១៧-២០)។ បើនៅប្រាសាទព្រះគោដែលសាងនៅ ស.វ.ទី៩ផង យើងឃើញមានព្រលិតច្រើនស្អេកស្កះ មិនថានៅលើថ្មផ្ទាល់ឬនៅលើបាយអដែលគេបូកលើជញ្ជាំងឥដ្ឋទៀតផង (រូបលេខ២១-២៩)។