ដោយ អាំង ជូលាន
ក្នុងចំណោមពិធីឆ្លងវ័យ ពោលគឺពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ មានពិធីមួយដែល ធ្វើឡើងសម្រាប់ក្មេងតូចឬជំទង់ ដែលពុំទាន់ពេញវ័យពិតប្រាកដ។ ពិធីនេះ គឺពិធីកោរជុកដែលតាមស្មានមើលទៅមាន ប្ញសគល់ពីជំនាន់ដែរខ្មែរកាន់សាសនាព្រាហ្មណ៍។ សព្វថ្ងៃកោរជុកស្ទើរតែបាត់បង់ទៅហើយ នៅសល់តែតាមតំបន់ខ្លះៗ តិចតួចប៉ុណ្ណោះ ដូចជានៅតាមភូមិខ្លះនៃតំបន់អង្គរជាដើម។ គេអាចកោរជុកសម្រាប់តែក្មេងម្នាក់ក៏បាន មិនថាប្រុសឬស្រីឡើយ។ ប៉ុន្តែដោយ សារពិធីនេះតែងធំ, មានភាពឱឡារិក ហើយតម្រូវឱ្យចំណាយធនធានច្រើន គេនិយមធ្វើចូលគ្នាដែរ។ ប្រុសនិងស្រីអាចធ្វើលាយឡំគ្នាបាន ត្បិតក្មេងទាំងនោះពុំទាន់ពេញវ័យនៅឡើយ។ នៅសម័យមុន ទំនៀមកោរជុកក្នុង ព្រះញាតិវង្សប្រហែលមានជាទូទៅពុំសូវអាក់ខានឡើយ។ នៅដើមសតវត្សទី២០ បុណ្យកោរជុកនៃព្រះអង្គម្ចាស់ ចន្ទលេខា (ដែលត្រូវជាព្រះរាជបុត្រនៃព្រះបាទ នរោត្តម) មានភាពអធិកអធមពន់ពេកណាស់ គឺប្រារព្ធដល់ទៅ៧ថ្ងៃឯណោះ។ មានមន្ត្រីបារាំងជាអ្នកស្រាវជ្រាវ (Adhémar Leclère)បានកត់ត្រានិងថតរូបទុកដោយល្អិតល្អន់ផង។
ទំនៀមនេះប្រហែលមានជាទូទៅដូចពោលខាងលើ។ សូម្បីតែលើរូបគំនូរក៏មានដែរ តួយ៉ាងដូចនៅព្រះវិហារវត្តបូព៌ ដែលគេឃើញថានៅក្នុងគំនូររឿងរាមកេរ្តិ៍នោះមានពាលីពរអង្គទទៅឱ្យតាបស ប្ញសីកោរជុកនៅក្នុងពិធីមួយ (រូបលេខ១)។ បើប្រៀបមកសព្វថ្ងៃនេះវិញឃើញថាព្រះសង្ឃឧបកិច្ចធ្វើជាកោរ (រូបលេខ២) (ត្បិតសព្វថ្ងៃខ្មែរកាន់ព្រះពុទ្ធសាសនា) ទោះជាការកោរពិតប្រាកដនោះអាចារ្យ ឬឪពុកម្តាយជាអ្នកធ្វើក៏ដោយ (រូបលេខ៣)។ រីឯពិធីដែលធ្វើនៅតាមភូមិខ្លះៗនៃ តំបន់អង្គរនោះ ហាក់ដូចជាពុំមានកាត់កិច្ចអ្វីសំខាន់ៗចោលទេ ត្បិតមើលទៅឃើញថាវែង ពោលគឺចាប់ផ្តើមពីចុងរសៀល ដែលគេ “ប្រុងពលី”ហើយដែលក្មេងមិនទាន់សម្អិតសម្អាងជុករបស់ខ្លួនផង (រូបលេខ៤)។ កិច្ចក្នុងពេលយប់ក៏មានច្រើនបែបយ៉ាង (រូបលេខ៥) ជាពិសេសកិច្ចហៅព្រលឹងសក់ ព្រមទាំងកិច្ចដេកអង្កររាប។ កាត់ផ្តាច់ជុកធ្វើឡើងនៅពេលព្រឹកព្រលឹម ក្រោយកិច្ចធ្វើធ្មេញរួច។ បន្ទាប់មកនៅព្រឹកដដែលនោះមានការរាប់បាត្រប្រគេនចង្ហាន់ដល់ព្រះសង្ឃជាធម្មតា។
សូមបញ្ជាក់ថាបើធ្វើចូលគ្នា ចំនួនក្មេងនោះត្រូវឱ្យជាចំនួនសេស។ បើចំនួននោះគត់គេត្រូវរកក្មេងណាមួយ ផ្សេងឧបកិច្ចឱ្យមកអង្គុយជាជួរជាមួយគេមុនពេលកោរផ្តាច់ជុក។ រូបលេខ៦បង្ហាញថាក្មេងដែលយកមកឧបកិច្ចនោះ អាចនៅក្មេងខ្ចីនៅឡើយ។