ដោយ គង់ វីរៈ
នៅជំពូកទី៣ ក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ មានអត្ថបទពីរ(៣.១៨ ដោយអ្នកស្រី ហ៊ីង ច័ន្ទថន និង៣.៣១ ដោយលោកហេង ថាន) ដែលនិយាយអំពីការចោះត្រចៀកនិងអលង្ការត្រចៀក។ រីឯនៅជំពូកលេខ២វិញ មានអត្ថបទមួយនិយាយពីការកាត់ឆ្មេញ (២.២៩ ដោយលោក ព្រំ មេត្តា)។ ការកែប្រែផ្នែកណាមួយក៏ដោយនៃសរីរាង្គមនុស្ស តែងទាក់ទងនឹងគំនិតចង់ឱ្យមានសោភណមែនហើយ តែលើសអំពីនោះទៅទៀត គឺតែងមានគំនិតជាមូលដ្ឋានជ្រៅជាងនោះទៅទៀត ដែលទាក់ទងទៅនឹងជំនឿ។ នៅទីនេះ ខ្ញុំសូមលើករឿងសក់ធ្វើជាទីពិចារណា។
បើគិតតែមួយភ្លែត សព្វថ្ងៃនេះមនុស្សមិនថាស្រី ប្រុស ចាស់ ក្មេង ដែលទៅកាត់សក់គឺទៅកាត់ដើម្បីឱ្យបានស្អាតស្អំក្នុងទស្សនៈសោភណភាព។ តែបើពិចារណាលើសនេះបន្តិចទៅ ឃើញថា សក់មានន័យវែងឆ្ងាញខ្លាំងណាស់ ជួនគេកាត់ឱ្យខ្លី ជួនណារហូតដល់កោរ ឯជួនណាទៀតនោះ ទៅជាទុកវែងពុំហ៊ានប៉ះពាល់ទៅវិញ។ ដំបូងខ្ញុំសូមលើកពិធីឆ្លងវ័យមកនិយាយ ដ្បិតពិធីឆ្លងវ័យណាក៏ដោយសុទ្ធតែមានកិច្ចកាត់សក់ទាំងអស់។ ទារកទើបនឹងកើតមកបាន៣ថ្ងៃឬ៧ថ្ងៃជាដើម គេតែងកាត់សក់ឱ្យវាក្នុងពិធីមួយហៅថា «កាត់សក់ បង្កក់ឆ្មប»។ ទោះបីទារកនោះមិនទាន់មានសក់ក៏ដោយ ក៏គេឧបកិច្ចកាត់សក់ឱ្យវា ដោយចាត់ទុកសក់នោះថាជា «សក់ព្រៃ» (រូបលេខ១)។ សក់ព្រៃនេះមានន័យថាជាសក់ដែលមកតាមវាពីជាតិមុន ហើយដែលគេត្រូវផ្តាច់ចេញឱ្យផុតពីរូបវា ដើម្បីឱ្យបានចូលមកនៅពេញលេញក្នុងគ្រួសារនៅជាតិថ្មីនេះ។ ក្នុងន័យនេះ សក់ព្រៃអាចគិតថាជាមន្ទិលក៏អាចថាបាន។
លុះក្មេងនោះធំបន្តិច មិនថាប្រុសឬស្រីឡើយ នៅពេលមុនពេញវ័យ តំបន់ណាដែលនៅកាន់ប្រពៃណីបុរាណនៅឡើយ គេតែងកោរផ្តាច់កំប៉េយឬជុកលើក្បាលក្មេងនោះចេញជាស្ថារព (រូបលេខ២)។ ផុតអំពីនោះមក ក្មេងនោះលែងទុកជុកទៀតហើយ បើស្រីអាចទុកវែង បើប្រុសគឺទុកខ្លី ហើយកាត់ជាប្រក្រតីតាមធម្មតា។ តើសក់ដែលជាជុកនេះជាមន្ទិលឬអ្វី? ខ្ញុំពុំហ៊ានអារកាត់ឱ្យដាច់ណាត់ឡើយ។
ដល់ពេលពេញវ័យ ពេលយុវជនប្រុសចូលបួសដូចយើងដឹងស្រាប់ហើយ ក្បាលនោះត្រូវកោរតែម្តង (ទីនេះខ្ញុំពុំនិយាយពីស្រីពេញក្រមុំចូលម្លប់នាំឱ្យវែងឆ្ងាយឡើយ ព្រោះប្រពៃណីមានច្រើនបែប)។ បើយើងមិនមើលវែងឆ្ងាយ យើងអាចយល់ថា កោរនោះជាការលះបង់សម្រស់ដោយយកការប្រតិបត្តិព្រះពុទ្ធសាសនាមកធ្វើជាធំ។ បើដូច្នោះមែន ហេតុអ្វីក៏មានជាតិសាសន៍ខ្លះដែលពុំស្គាល់អ្វីទៅជាព្រះពុទ្ធសាសនាផង ហើយឱ្យយុវជនប្រុសដែលកំពុងឆ្លងវ័យកម្លោះនោះកោរក្បាលរលីងដែរ? ឧទាហរណ៍នេះមាននៅច្រើនទីកន្លែង ដូចជានៅក្នុងចំណោមជាតិពន្ធុនៃប្រទេស New Guinea។ នៅទីនេះក៏ដោយ ក៏ខ្ញុំពុំហ៊ានអារកាត់ថា សក់ក្នុងពិធីឆ្លងវ័យជំទង់នេះជាមន្ទិលដែរ។ តែបើប្រៀបទៅនឹងទំនៀមនានាដែលមាននៅលើលោកនេះ ហើយដែលជាតិពន្ធុតូចៗច្រើននៅប្រតិបត្តិនៅឡើយនោះ កោរសក់នៅទីនេះអាចបញ្ចូលទៅក្នុងការធ្វើ ទុក្ករកិរិយាឱ្យដាច់ដោចរាងកាយតាមវិធីនានា ដែលភាសាគេហៅថា Mutilation (កុំភ្លេចថា អ្នកដែលកាន់សាសនាឥស្លាមតាមប្រពៃណីជាក់លាក់ តែង «កាត់ចុង» ឱ្យក្មេងប្រុសនៅពេលពេញវ័យ ដូចគ្នាដែរ)។
លុះមកដល់ពិធីឆ្លងវ័យហៅថាមង្គលការ យើងដឹងហើយថា កិច្ចកាត់សក់ជាការចាំបាច់ដែលត្រូវតែធ្វើខានពុំបាន។ ត្រង់នេះ ជួនកាលយើងឮអាចារ្យនិយាយថាកាត់ដើម្បីជម្រះមន្ទិល។
ពិធីឆ្លងវ័យក្រោយបង្អស់របស់មនុស្សធ្វើឡើងនៅពេលបូជាសព។ បើយើងយកជនបទខ្លះ ដូចជាជនបទនៅតំបន់អង្គរមកនិយាយ គឺឃើញថានៅកិច្ចចុងបង្អស់ហៅថា «ប្រែរូប» អាចារ្យតែងឧបកិច្ចកាត់សក់ឱ្យសពនោះទៅទៀត ដោយសន្មត់ថា ពេលនោះសពនោះកំពុងចាប់ជាតិថ្មីហើយ។ តើសក់នៅទីនេះមានន័យដូចម្តេចដែរ ខ្ញុំក៏មិនហ៊ានអះអាង។
ក្រៅពីពិធីឆ្លងវ័យ យើងឃើញថា គេកោរសក់ក្នុងឱ្យកាសផ្សេងៗ។ មនុស្សចាស់ដែលសុំ សីលតែងកោរសក់នៅរាល់ «ថ្ងៃកោរ»។ តែត្រង់នេះយើងសន្មត់ថា យកតម្រាប់តាមព្រះសង្ឃទៅចុះ ដ្បិតចាស់ៗទាំងនោះស្វែងរកធម៌។ តែអ្នកខ្លះទៀតកោរសក់ដោយពុំមានទាក់ទងការស្វែងរកធម៌អ្វីឡើយ ឧទាហរណ៍ការកោរលាបំណន់ ដូចយើងតែងឃើញសក់ដែលគេកោរហើយយកទៅចោលនៅទីកន្លែងណាមួយ។ ត្រង់នេះបើសក់នោះពុំចាត់ទុកថាជាគ្រឿងមន្ទិលទេ ហេតុអ្វីក៏ច្រើនឃើញយកទៅចោលនៅទីខ្លះ ដែលមើលទៅឃើញថាពុំគួរគាប់បី (រូបលេខ៤) ឬឃើញថារបៀបទុកសក់នោះចោលពុំគួរគាប់បី (រូបលេខ៥)? អ្នកខ្លះទៀតកោរសក់ដោយសារជាញ្ញាតិជិត (ប្រពន្ធ,កូន, ប្អូន...)នៃនរណាម្នាក់ដែលទើបនឹងស្លាប់ (រូបលេខ៦-៧)។ ដោយសារខ្មែរកាន់ព្រះពុទ្ធសាសនា ខ្មែរនិយាយថា «កាន់ទុក្ខ» ដ្បិតខ្មែរសព្វថ្ងៃឥតមានពាក្យពិសេសណាមួយសំដៅលើស្ថានភាពនេះ ដូចជាពាក្យបារាំងថា Deuil ឬអង់គ្លេសថា Mourning ឡើយ។ ពាក្យថាកាន់ទុក្ខនេះ ច្រើនតែបណ្តាលឱ្យយើងគិតថា កោរសក់ដើម្បីឱ្យមុខមាត់អាក្រក់។ តាមពិត បើយើងយល់ពីកិច្ចប្រតិបត្តិទូទៅនៅសង្គមតូចៗនានាលើលោកនេះ ទើបយើងយល់ថា មនុស្សស្លាប់ ឬសពជាមន្ទិល ដូច្នេះអ្នកដែលជាញ្ញាតិជិតនឹងសពនោះ ឆ្លងមន្ទិលមកច្រើនជាងគេ។ ដូច្នេះហើយបានជា អ្នកកោរសក់ ជួនកាលយកសក់ដែលកោរនោះទៅចោលនៅទីណាមួយមិនកំណត់ ជួនកាលទៀតយកទៅចោលក្នុងម្ឈូសដែលដុតនោះតែម្តង (រូបលេខ៨)។ សង្គមត្រូវការញែកបំបែកមន្ទិលនោះកុំឱ្យរាលដាលវែងឆ្ងាយ។ ដូច្នេះហើយ បានជាសាសន៍ខ្លះ ដូចជាខ្មែរកោរសក់, សាសន៍អ៊ឺរ៉ុបស្លៀកខ្មៅ, សាសន៍ផ្សេងទៀតមានអ្វីជាសម្គាល់របៀបផ្សេងពីនោះទៅទៀត។ គប្បីយើងកុំភ្លេចថា កាលពីជំនាន់មុន កាលណាគេចាប់បានចោរណាម្នាក់នៅតាមភូមិអ្នកស្រុក តែងកោរក្បាលអ្នកនោះជាទីសម្គាល់ញែកឱ្យអ្នកនោះដាច់ចេញពីគេ។
ករណីខ្លះផ្ទុយស្រឡះពីរឿងអម្បាលម៉ានដែលនិយាយមកពីខាងលើនេះ។ ឧទាហរណ៍ អ្នកខ្លះមានត្រណមមិនកាត់សក់ ដូចជាអ្នកដែលមានសក់កណ្តាញជាដើម ហើយគេតែយល់ថា បើកាត់ទៅនឹងមានទុក្ខទោសដល់ខ្លួន ដូចជាឈឺថ្កាក់ជាដើម។ បើសក់សុទ្ធតែជាមន្ទិល ហេតុអ្វីក៏កាត់មន្ទិលឱ្យផុតស្រឡះពីខ្លួន បែរជាឈឺទៅវិញ? មួយទៀតអ្នកខ្លះមាននាទីមុខងារគួរឱ្យគោរព ដូចជាបារគូនៅវាំងជាដើម ហេតុអ្វីបានជាត្រូវទុកសក់កាត់មិនបាន (រូបលេខ៩)? នេះពុំនិយាយពីអ្នកដែលអាចប្រៀបបានទៅនឹងបារគូដែរ ដូចជា «ឆាយ» មេស្លដែកក្នុងចំណោមសាសន៍កួយជាដើមផង (រូបលេខ១០)។
ករណីចុងក្រោយបង្អស់ដែលខ្ញុំនឹងលើកយកមកនិយាយយ៉ាងខ្លី ហើយដែលបង្ហាញថា សក់មិនមែនសុទ្ធតែបរិសុទ្ធ ឬសុទ្ធតែជាមន្ទិលទេ តែវែងឆ្ងាយជាងនោះ ដែលលំបាកនឹងដោះស្រាយឱ្យឃើញមុខឃើញបាទច្បាស់ គឺការដែលអ្នកខ្លះទៅឱ្យជាងកាត់សក់សុទ្ធតែរើសរកថ្ងៃ ខ្លះថាកាត់ថ្ងៃនេះមិនល្អទេ ខ្លះនិយមកាត់ថ្ងៃនោះឯងតែម្តង បើថ្ងៃណាមួយផ្សេងទៀតនេះទើបគិតថាពុំជា។ ជំនឿនេះពុំមែនជាការគិតព្រើលរបស់មនុស្សម្នាក់ៗដាច់ពីគ្នាឡើយ ដ្បិតមានក្បួនតម្រា ដូចជា «តម្រាកាត់សក់» ជាដើម មានន័យថាសង្គមទាំងមូលគិតដូច្នោះ។